៤០-ព្រះយេស៊ូវត្រូវគេឆ្កាង
ក្រោយពីពួកទាហានបានសើចចំអកដាក់ព្រះយេស៊ូវហើយ ពួកគេបាននាំយក ទ្រង់ចេញទៅឆ្កាង។ គេក៏បានឲ្យទ្រង់លីឈើឆ្កាងសំរាប់នឹងឆ្កាងទ្រង់ទៅជាមួយផង។
ពួកទាហានបាននាំព្រះយេស៊ូវទៅកាន់កន្លែងមួយឈ្មោះថា “ភ្នំលលាដ៏ក្បាល” រួចគេដំដែកគោលភ្ជាប់ព្រះហស្ថ និងព្រះបាទទ្រង់ទៅលើឈើឆ្កាងនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា៖ “ឱព្រះវរបិតាអើយ សូមអត់ទោសដល់ពួកគេផង ដ្បិត ពួកគេមិនដឹងខ្លួនថា ពួកគេកំពុងធ្វើអ្វីនោះទេ”។ លោកពីឡាត់បានបញ្ជារអោយគេ បិតប្រកាសកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរព្រះយេស៊ូវថា៖ “ស្តេចនៃសាសន៏យូដា”។
ពួកទាហានបានយកព្រះពស្រ្តរបស់ព្រះយេស៊ូវមកចាប់ឆ្នោតចែកគ្នាលេង។ ពេល ដែលពួកគេបានធ្វើដូច្នេះ ដើម្បីអោយបានសំរេចនូវបទទំនាយថា៖ ”គេបានយកអាវខ្ញុំ ចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ”។
ព្រះយេស៊ូវត្រូវបានឆ្កាងនៅចន្លោះចោរពីរនាក់។ ចោរម្នាក់បានប្រមាថមើលងាយ ព្រះយេស៊ូវ ប៉ុន្តែចោរម្នាក់ទៀតបានបន្ទោសវាថា៖ ”តើអ្នកឯងមិនខ្លាចព្រះទេឬអី? យើងមានទោសមែន ប៉ុន្តែព្រះអង្គមិនបានធ្វើអ្វីខុសសោះ” រួចចោរនោះក៏ទូលទៅ ព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ សូមនឹងចាំពីទូលបង្គំនៅក្នុងនគររបស់ទ្រង់ផង”។ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា៖ “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅក្នុង ស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”។
ពួកមេដឹកនាំសាសន៍យូដា និងហ្វូងមនុស្ស បាននាំគ្នាសើចចំអកដល់ព្រះយេស៊ូវ។ ពួកគេនិយាយទៅកាន់ទ្រង់ថា៖ “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរចុះពីលើឈើឆ្កាង នោះមក រួចជួយសង្រ្គោះខ្លួនអ្នកទៅ! នោះយើងនឹងជឿដល់អ្នក”។
ស្រាប់តែកើតមានងងឹតនៅគ្របពេញផែនដី បើទោះជាពេលនោះ ជាពេលពាក់ កណ្តាលថ្ងៃត្រង់ក៏ដោយ។ មេឃនៅបន្តងងឹតរហូត ដរាបដល់ម៉ោង៣រសៀល។
ពេលនោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា៖ “កិច្ចការចប់ហើយ! ឱព្រះវរបិតា អើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្ថទ្រង់វិញ”។ រួចទ្រង់ក៏អោនព្រះសិរចុះ ហើយក៏ផុតដង្ហើមទៅ។ ខណៈពេលដែលទ្រង់សុគត ផែនដីក៏រញ្ជួយឡើង ហើយវាំងនន ដ៏ធំនៅក្នុងព្រះវិហារសំរាប់ខណ្ឌមនុស្សពីព្រះវត្តមានរបស់ព្រះ ត្រូវបានរហែកជាពីរ ចំរៀក ពីលើរហូតដល់ក្រោម។
តាមរយៈការសុគតរបស់ទ្រង់ ព្រះយេស៊ូវបានបើកចំហរផ្លូវសំរាប់មនុស្ស ដើម្បីទៅ កាន់ព្រះជាម្ចាស់វិញ។ កាលទាហានដែលឈរយាមព្រះយេស៊ូវ បានឃើញការដែលកើត មកនោះ ក៏ពោលឡើងថា៖“ប្រាកដណាស់ មនុស្សនេះសុចរិតមែន។ ទ្រង់គឺជា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់”។
បន្ទាប់មកមេសាសន៍យូដាពីរនាក់ដែលបានជឿថា ព្រះយេស៊ូវ គឺជាព្រះមេស៊ី គឺលោកយ៉ូសែប និងលោកនីកូដេម បានទៅឯលោកពីឡាត់ដើម្បីសុំព្រះសព ព្រះយេស៊ូវ។ ពួកគេបានរុំព្រះសពទ្រង់ជាមួយនឹងសំពត់ទេសឯក រួចយកទៅបញ្ចុះ ក្នុងផ្នូរមួយដែលដាប់ពីរូងថ្ម។ ពួកគេក៏បានរមៀលថ្មមួយផ្ទាំងធំនៅពីមុខផ្នូរនោះ ដើម្បីបិទមាត់រូងអោយជិត។
សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ២៧:២៧-៦១; ម៉ាកុស ១៥:១៦-៤៧; លូកា ២៣:២៦-៥៦; យ៉ូហាន ១៩:១៧-៤២
Free to use, adapt, and share under an open license (CC BY-SA 4.0).