៣០-ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់
ព្រះយេស៊ូវបានចាត់ពួកសាវ័កអោយចេញទៅប្រកាសដំណឹងល្អនិងបង្រៀនដល់ មនុស្សគ្រប់ក្រុងគ្រប់ភូមិ។ នៅពេលពួកគេបានត្រឡប់មកវិញ នោះពួកគេបាន រាយរ៉ាប់គ្រប់ទាំងការដែលពួកគេបានធ្វើ។ បន្ទាប់មកព្រះយេស៊ូវក៏បាននាំពួកសិស្ស ឆ្លងទៅត្រើយម្ខាងនៃទន្លេដើម្បីស្វែងរក កន្លែងដែលស្ងាត់ដើម្បីសំរាក។
ក៏ប៉ុន្តែមានមនុស្សច្រើនណាស់បានឃើញព្រះយេស៊ូវនិងពួកសិស្ស បំរុងចុះទូកឆ្លងទៅ ត្រើយម្ខាង ដូច្នេះពួកមនុស្សទាំងនោះក៏បានរត់តាមមាត់ទន្លេ ឆ្លងទៅត្រើយម្ខាង ប្រយោជន៏អោយបានទៅដល់ទីកន្លែងនោះមុនព្រះយេស៊ូវ។ ដូច្នេះគ្រាន់តែព្រះយេស៊ូវ និងពួកសិស្សទៅដល់ភ្លាមនោះមានមនុស្សមួយហ្វូងធំបានរង់ចាំទ្រង់រួចជាស្រេច។
ក្នុងចំណោមហ្វូងមនុស្សដ៏ធំនោះ មានគ្នាប្រាំពាន់នាក់ដោយមិនរាប់ពួកស្រីៗនិងកូន ក្មេង។ នៅពេលដែលព្រះយេស៊ូវក្រលេកមើលទៅពួកគេ ទ្រង់មានព្រះហឫទ័យក្តួល អាណិតយ៉ាងខ្លាំង ពួកគេប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាល។ ទ្រង់ក៏បាន បង្រៀនដល់ពួកគេ ហើយក៏ប្រោសដល់អស់អ្នកដែលមានជំងឺក្នុងចំណោមពួកគេ អោយបានជាដែរ។
ដោយសារល្ងាចណាស់ទៅហើយពួកសិស្សក៏បានទូលដល់ព្រះយេស៊ូវថា៖ «លោកគ្រូ ល្ងាចណាស់ហើយ ត្បិតនៅកន្លែងនេះគ្មានផ្សារណានៅជិតទេ ដូច្នេះសូមអោយពួកគេ វិលត្រឡប់ទៅវិញដើម្បីទិញម្ហូបអាហារបរិភោគ»។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរអោយអ្វីដល់ពួកគេបរិភោគផង» នោះពួកសិស្សក៏ឆ្លើយថា៖ «តើអោយពួកយើងធ្វើយ៉ាងណា យើងមានតែនំប៉័ងប្រាំដុំ និងត្រី២តែប៉ុណ្ណោះ»។
ព្រះយេស៊ូវបានអោយពួកសិស្ស ប្រាប់ដល់ហ្វូងមនុស្សអោយអង្គុយនៅលើស្មៅជា ក្រុមដែលក្រុមនីមួយៗមានគ្នាហាសិបនាក់។
ព្រះយេស៊ូវក៏យកនំប៉័ងប្រាំដុំ និង ត្រីពីរ ទាំងងើយព្រះភក្រ្តទៅឯស្ថានសួគ៏ ហើយ អរគុណដល់ព្រះដែលបានប្រទានចំណីអាហារនេះ។
ទ្រង់ក៏យកនំប៉័ង និង ត្រី កាច់ជាដុំ ហើយហុចដល់ពួកសិស្សអោយយកទៅចែកដល់ ហ្វូងមនុស្ស។ ពួកសិស្សក៏បានយក នំប៉័ង និង ត្រី ចែកដល់គ្រប់គ្នា តែនំប៉័ង ហើយនិង ត្រី មិនចេះអស់សោះ ហើយពួកគេក៏បានឆ្អែត។
បន្ទាប់មកពួកសិស្សក៏ដើរប្រមូលនំប៉័ង និង ត្រី ដែលនៅសល់រហូតដល់ទៅដប់ពីរ កន្រ្តក។ ចំណីអាហារទាំងនេះគឺកើតឡើងពី នំប៉័ងប្រាំដុំ និង ត្រីពីរកន្ទុយ តែប៉ុណ្ណោះ។
រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១៤:១៣-២១; ម៉ាកុស ៦:៣១-៤៤; លូកា ៩:១០-១៧; យ៉ូហាន ៦:៥-១៥
Free to use, adapt, and share under an open license (CC BY-SA 4.0).