1. ការបង្កើតពិភពលោក
ដើមកំណើតរបស់អ្វីៗទាំងអស់បានកើតឡើងដូច្នេះ។ ព្រះបានបង្កើតសាកលលោក និងអ្វីៗទាំងអស់នៅលើសាកលលោក ក្នុងព្រាំមួយថ្ងៃ។ ក្រោយពីព្រះបានបង្កើតពិភពលោក ពិភពលោកនៅងងឹត និងទទេផង ហើយគ្មានអ្វីបានកកើតឡើងក្នុងវា។ ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះគង់នៅទីនោះលើផ្ទៃទឹក។
បន្ទាប់មក ព្រះមានបន្ទូលថា៖ “ចូរមានពន្លឺ! ” ។ នោះក៏មានពន្លឺ។ ព្រះទតឃើញថាពន្លឺនោះល្អ ព្រះអង្គក៏ហៅវាថា “ថ្ងៃ” ។ ព្រះអង្គបានញែកវាចេញពីភាពងងឹត ហើយហៅភាពងងឹតថា “យប់” ។ ព្រះបានបង្កើតពន្លឺនៅថ្ងៃទីមួយនៃការបង្កើតពិភពលោក។
នៅថ្ងៃទីពីរនៃការបង្កើតពិភពលោក ព្រះបានមានបន្ទូលឲ្យមានមេឃនៅលើផែនដី។ ព្រះអង្គបង្កើតមេឃដោយញែកទឹកខាងលើចេញពីទឹកខាងក្រោម។
នៅថ្ងៃទីបី ព្រះមានបន្ទូលឲ្យទឹកញែកចេញពីដីគោក។ ព្រះអង្គហៅដីគោកថា “ដី” ហើយហៅទឹកថា “សមុទ្រ”។ ព្រះបានទតឃើញថាអ្វីដែលព្រះអង្គបានបង្កើតល្អហើយ។
រួចព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីកើតរុក្ខជាតិ និងតិណជាតិគ្រប់ប្រភេទ”។ នោះក៏កើតមានឡើង។ ព្រះទតឃើញថាអ្វីដែលព្រះអង្គបានបង្កើតល្អហើយ។
នៅថ្ងៃទីបួននៃការបង្កើតពិភពលោក ព្រះមានបន្ទូលឲ្យមានព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ។ ព្រះបានបង្កើតវាដើម្បីបំភ្លឺផែនដី និងដើម្បីកំណត់ពេលថ្ងៃនិងពេលយប់ រដូវនិងឆ្នាំ។ ព្រះបានទតឃើញថាអ្វីដែលព្រះអង្គបានបង្កើតល្អហើយ។
នៅថ្ងៃទីប្រាំនៃការបង្កើតពិភពលោក ព្រះមានបន្ទូលឲ្យមានអស់ទាំងសត្វដែលហែលនៅក្នុងទឹក និងសត្វស្លាបទាំងអស់។ ព្រះបានទតឃើញថាវាល្អ ហើយក៏ប្រទានពរពួកវា។
នៅថ្ងៃទីប្រាំមួយនៃការបង្កើតពិភពលោក ព្រះមានបន្ទូលថា៖ “ចូរឲ្យមានសត្វគ្រប់ប្រភេទទាំងអស់!” នោះក៏កើតឡើងដូចដែលព្រះមានបន្ទូល។ ខ្លះជាសត្វស្រុក ខ្លះវារនៅលើដី ហើយខ្លះទៀតជាសត្វព្រៃ។ ព្រះបានទតឃើញថាវាល្អ។
បន្ទាប់មកព្រះមានបន្ទូលថា៖ “ចូរយើងបង្កើតមនុស្សតាមរូបរបស់យើង ដើម្បីបានដូចយើង។ ពួកគេនឹងមានសិទ្ធិអំណាចត្រួតត្រាលើផែនដី និងសត្វទាំងអស់”។
ដូច្នេះ ព្រះបានយកធូលីមកសូន្យធ្វើជាមនុស្សប្រុស ហើយផ្លុំជីវិតចូល។ មនុស្សប្រុសនេះមានឈ្មោះ អដាំ។ ព្រះបានធ្វើសួនឧទ្យានមួយឲ្យអដាំរស់នៅ ហើយដាក់គាត់នៅទីនោះដើម្បីមើលថែ។
នៅចំកណ្ដាលសួនឧស្យាន ព្រះបានដាក់ដើមឈើពិសេសពីរ គឺដើមឈើនៃជីវិត និងដើមឈើស្គាល់ល្អនិងអាក្រក់។ ព្រះបានប្រាប់អដាំថា គាត់អាចហូបពីគ្រប់ដើមឈើក្នុងសួនឧស្យាននេះ លើកលែងតែពីដើមឈើស្គាល់ល្អ និងអាក្រក់។ ប្រសិនបើគាត់ហូបពីដើមឈើនេះ គាត់នឹងស្លាប់។
ក្រោយមកព្រះមានបន្ទូលថា៖ “មិនល្អសម្រាប់មនុស្សប្រុសទេ ដែលនៅតែម្នាក់ឯង”។ ដ្បិតគ្មានសត្វណាមួយអាចធ្វើជាអ្នកជំនួយរបស់អដាំបានឡើយ។
ដូច្នេះ ព្រះធ្វើឲ្យអដាំដេកលង់លក់។ បន្ទាប់មក ព្រះក៏យកឆ្អឹងជំនីមួយរបស់អដាំ ហើយធ្វើវាឲ្យក្លាយជាស្ត្រី រួចនាំនាងមកឲ្យគាត់។
នៅពេលអដាំឃើញនាង គាត់និយាយថា៖ “ទីបំផុត! ម្នាក់នេះបានដូចខ្ញុំ!។ ចូរហៅនាងថា ‘ស្ត្រី’ ដ្បិតនាងត្រូវបង្កើតចេញពីបុរស”។ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ហើយត្រឡប់ទៅរូបកាយមួយជាមួយនឹងប្រពន្ធរបស់ខ្លួន។
ព្រះបានបង្កើតមនុស្សប្រុស និងមនុស្សស្រីតាមរូបអង្គផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គប្រទានពរពួកគេ ហើយប្រាប់ពួកគេថា៖ “ចូរឲ្យមានកូនចៅច្រើនពាសពេញផែនដី!”។ ព្រះបានទតឃើញថារបស់ទាំងអស់ដែលព្រះអង្គបានបង្កើតគឺល្អ ហើយព្រះអង្គសព្វព្រះហឬទ័យនឹងរបស់គ្រប់ទាំងនោះ។ ការទាំងអស់នេះបានកើតឡើងនៅថ្ងៃទីប្រាំមួយនៃការបង្កើតពិភពលោក។
នៅពេលថ្ងៃទីប្រាំពីរចូលមកដល់ ព្រះបានបញ្ចប់កិច្ចការរបស់ព្រះអង្គ។ ដូច្នេះ ព្រះបានសម្រាកពីការងារទាំងអស់ដែលព្រះអង្គបានធ្វើ។ ព្រះអង្គប្រទានពរថ្ងៃទីប្រាំពីរ ហើយធ្វើឲ្យវាបរិសុទ្ធ ពីព្រោះនៅថ្ងៃនេះព្រះអង្គបានសម្រាកពីការងាររបស់ព្រះអង្គ។ ដើមកំណើតនៃសាកលលោក និងអ្វីៗទាំងអស់គឺដូច្នេះឯង៕
រឿងព្រះគម្ពីរ ដកស្រង់ពី: លោកុប្បត្តិ 1-2
Free to use, adapt, and share under an open license (CC BY-SA 4.0).