៤៦-ប៉ូលបានក្លាយជាគ្រីស្ទបរិស័ទ
សូល គឺជាបុរសវ័យក្មេងម្នាក់ ដែលធ្លាប់ឈរយាមអាវ អោយពួកអ្នកសំលាប់លោក ស្ទេផាន។ គាត់ មិនបានជឿលើព្រះយេស៊ូវទេ ហើយគាត់តែងធ្វើទុក្ខបៀតបៀនដល់ពួកជំនុំជាខ្លាំងដែរ។ គាត់ចេញពីផ្ទះមួយ ចូលផ្ទះមួយ ក្នុងក្រុងយេរូសាឡិម ដើម្បីចាប់ទាញ អូស ទាំងប្រុស ទាំងស្រី បញ្ជូនទៅដាក់គុក។ សម្តេចសង្ឃ បានអនុញាតិអោយ សូល ធ្វើដំណើរទៅឯក្រុងដាម៉ាស ដើម្បីចាប់ខ្លួនពួកគ្រីស្ទបរិស័ទនៅទីនោះ បញ្ជូនមក ក្រុងយេរូសាឡិម។
នៅពេលដែលសូលកំពុងតែនៅតាមផ្លូវឆ្ពោះទៅទីក្រុងដាម៉ាស មានពន្លឺដ៏ភ្លឺពីស្ថានសួគ៌ ចាំងមក ជុំវិញខ្លួនគាត់ ហើយគាត់ក៏ដួលចុះទៅលើដី។ សូលបានឮមនុស្សម្នាក់និយាយថា៖ “សូល! នែសូល! ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?” គាត់ទូលឆ្លើយថា៖ “ឱព្រះអម្ចាស់អើយ ព្រះអង្គណានុះ?” រួចព្រះយេស៊ូវទ្រង់តបថា៖ “ខ្ញុំនេះគឺជាព្រះយេស៊ូវ អ្នកកំពុងបៀតបៀតខ្ញុំ!”
នៅពេលដែលសូលក្រោកឡើង គាត់មើលអ្វីលែងឃើញ។ មិត្តសំលាញ់របស់គាត់ បាននាំគាត់ទៅកាន់ ក្រុងដាម៉ាស។ សូលមិនបានផឹក និងបរិភោគអ្វីទាំងអស់ ក្នុងរវាង៣ថ្ងៃ។
រីឯនៅក្រុងដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះ អាន្ន៉ានាស ហើយព្រះជាម្ចាស់ មានព្រះបន្ទូលទៅកាន់ គាត់ថា៖ “ចូរទៅឯផ្ទះដែលសូលកំពុងស្នាក់នៅ រួចដាក់ដៃអ្នកលើគាត់ ដើម្បីអោយគាត់មើលឃើញឡើងវិញ”។ អាន្ន៉ានាសទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮថា មនុស្សម្នាក់នោះបានបៀតបៀនដល់ពួកបរិសុទ្ធ ខ្លាំងណាស់”។ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា៖ “ចូរទៅចុះ ពីព្រោះខ្ញុំបានរើសតាំងអ្នកនោះ សំរាប់នឹងប្រកាស ឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។ គាត់នឹងត្រូវរងទុក្ខទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ”។
ដូចនេះអាន្ន៉ានាសក៏បានទៅជួបសូល រួចដាក់ដៃលើគាត់ និយាយថា៖ “ព្រះយេស៊ូវ ដែលបានលេចមក អោយអ្នកឃើញនៅតាមផ្លូវមកកាន់ទីនេះ បានបញ្ចូនខ្ញុំមកដើម្បីឲ្យអ្នកបានមើលឃើញឡើងវិញ ព្រមទាំងបាន ពេញដោយព្រះវិញ្ញាណបរិសុទ្ធផង។” រំពេចនោះ សូល ក៏បានមើលឃើញឡើងវិញ ហើយអាន្ន៉ានាស បានធ្វើ ពិធីជ្រមុជទឹកអោយគាត់។ រួច សូល ក៏បរិភោគអាហារ និងមានកម្លាំងឡើងវិញ។
លើសពីនេះ សូលចាប់ផ្តើមប្រកាសដល់ពួកសាសន៍យូដា នៅដាម៉ាសថា៖ “ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រាព្រះជាម្ចាស់!”។ ពួកសាសន៍យូដាមានការងឿងឆ្ងល់មែនទែនត្រង់ថា មនុស្សម្នាក់ដែលធ្លាប់តែ បៀតបៀនបំផ្លាញពួកជំនុំ ឥលូវបែរជាមកជឿព្រះយេស៊ូវដែរ!។ សូលបានបកស្រាយដល់សាសន៍យូដា ដោយបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទ គឺជា ព្រះមេស៊ី។
ប៉ុន្មានថ្ងៃក្រោយមក ពួកយូដាបានរៀបគម្រោងការដើម្បីសម្លាប់ សូល។ ពួកគេបានបញ្ជូនមនុស្ស ទៅឃ្លាំមើលគាត់នៅច្រកទ្វារចូលក្រុង ដើម្បីនឹងសម្លាប់គាត់ចោល។ ប៉ុន្តែ សូល បានដឹងពីផែនការរបស់ ពួកគេមុន ហើយមិត្តសំលាញ់របស់គាត់ បានជួយអោយគាត់រត់គេចខ្លួន។ ក្នុងយប់មួយនោះ ពួកគេបានដាក់ សូលចូលទៅក្នុងកន្រ្តក រួចសំរូតគាត់ចុះពីលើជញ្ជាំងក្រុង។ ក្រោយពេលសូលបានរត់គេចពីក្រុងដាម៉ាសហើយ គាត់បានបន្តប្រកាសអំពីព្រះនាមព្រះយេស៊ូវគ្រីស្ទរហូត។
សូលបានចេញទៅឯក្រុងយេរូសាឡិមដើម្បីជួបជុំពួកជំនុំ ប៉ុន្តែពួកគេមានការភ័យខ្លាចចំពោះគាត់។ ពេលនោះ មានក្រុមជំនុំម្នាក់ឈ្មោះ បាណាបាស បាននាំសូលទៅជួបនឹងពួកសាវក ហើយរ៉ាយរ៉ាប់ប្រាប់ ប្រាប់ពួកគេពីការដែលសូលបានប្រកាសព្រះបន្ទូលព្រះយ៉ាងអស្ចារ្យនៅឯក្រុងដាម៉ាស។ ក្រោយមក ពួកសាវ័ក ក៏យល់ព្រមទទួលសូល។
ពួកជំនុំមួយចំនួន ដែលបានរត់គេចចេញពីការបៀតបៀននៅក្រុងយេរូសាឡិម បានធ្វើដំណើរទៅ កាន់ទីកន្លែងឆ្ងាយមួយ ឈ្មោះទីក្រុង អាន់ទីយ៉ូក ហើយប្រកាសអំពីព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ពួកក្រុង អាន់ទីយ៉ូកមិនមែនជាសាសន៍យូដាទេ ប៉ុន្តែមានចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បានទទួលជឿ ពេលដែល ពួកគេបានឮជាលើកដំបូងនោះ។ លោកសូល និង បាណាបាស បានធ្វើដំណើរទៅទីនោះ ដើម្បីបង្រៀនពួកគេ ដែលទើបនឹងជឿថ្មី បន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងធ្វើការពង្រឹងក្រុមជំនុំនៅទីនោះផង។ គឺនៅទីក្រុង អាន់ទីយ៉ូកនោះហើយ ដែលអ្នកជឿព្រះយេស៊ូវត្រូវបានគេហៅជាដំបូងថា៖ “គ្រីស្ទបរិស័ទ”។
ថ្ងៃមួយនៅពេលដែលពួកជំនុំនៅទីក្រុងអាន់ទីយ៉ូកកំពុងតែតម និងអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធ បានមានបន្ទូលទៅកាន់ពួកគេថា៖ “ចូរញែក បាណាបាស និងសូលឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេអោយធ្វើ” ដូច្នេះ ពួកជំនុំនៅក្រុងអាន់ទីយ៉ូក បានដាក់ដៃលើ និងអធិដ្ឋាអោយលោក បាណាបាស និងសូល។ បន្ទាប់មក ពួកជំនុំបានបញ្ជូនអ្នកទាំងពីរ ចេញទៅប្រកាស់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅតាមកន្លែងផ្សេងៗជាច្រើន។ បាណាបាស និងសូលបានបង្រៀនដល់មនុស្សជាច្រើនមកពីសាសន៍ដទៃ ហើយមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ បានទទួលជឿព្រះយេស៊ូវគ្រីស្ទ។
សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ កិច្ចការ ៨:៣, ៩:១-៣១, ១១:១៩-២៦, ១៣:១-៣
Free to use, adapt, and share under an open license (CC BY-SA 4.0).