៣៧-ព្រះយេស៊ូវប្រោសឡាសាអោយរស់ពីស្លាប់ឡើងវិញ
ថ្ងៃមួយព្រះយេស៊ូវបានទទួលដំណឹងថា ឡាសាឈឺធ្ងន់។ ឡាសាមានបងប្អូនស្រីពីរ នាក់គឺនាងម៉ារានិងម៉ាថា ពួកគេគឺជាមិត្តសំឡាញ់ជិតដិតនឹងព្រះយេស៊ូវ។ នៅពេល ដែលទ្រង់បានឮដំណឹងនេះ ទ្រង់មានបន្ទូលថា «ជំងឺនេះនឹងមិនបណ្តាលឲ្យស្លាប់ទេ តែសំរាប់ជាសិរីល្អដល់ព្រះវិញ»។ព្រះយេស៊ូវស្រឡាញ់ពួកគេទាំងបី នាក់ ខ្លាំងណាស់ តែទ្រង់សំរេចព្រះទ័យគង់នៅ កន្លែងដដែលនោះពីរថ្ងៃទៀត។
ពីរថ្ងៃបានកន្លងផុតទៅ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សថា៖ « តោះត្រឡប់ទៅស្រុកយូដាវិញ»។ ប៉ុន្តែពួកសិស្សបានឆ្លើយតបថា៖ «លោកគ្រូ! មនុស្ស នៅទីនោះទើបតែរកសំឡាប់យើង!» តែព្រះយេស៊ូវតបថា៖ «ឡាសាជាមិត្តសំឡាញ់ យើងកំពុងតែដេកលក់ យើងត្រូវតែទៅដាស់គាត់»។
សិស្សរបស់ទ្រង់បានឆ្លើយថា «លោកគ្រូ បើឡាសាដេកលក់នោះគាត់នឹងបានជាវិញ» តែព្រះយេស៊ូវបានប្រាប់ពួកគេជាប្រាកដថា «ឡាសាបានស្លាប់ហើយ។ ខ្ញុំអរណាស់ ដែលខ្ញុំពុំបាននៅទីនោះ តែគឺដើម្បីអោយអ្នករាល់គ្នាបានជឿដល់ខ្ញុំវិញ»។
នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ភូមិរបស់ឡាសា នោះឡាសាបានស្លាប់ បួនថ្ងៃហើយ។ ម៉ាថាបានចេញទៅជួបព្រះយេស៊ូវ ហើយទូលទ្រង់ថា « លោកគ្រូ ប្រសិនបើលោកគង់នៅទីនេះ នោះប្អូនប្រុសខ្ញុំមិនស្លាប់ឡើយ ប៉ុន្តែខ្ញុំម្ចាស់ជឿថា ព្រះនឹងប្រទានអោយទ្រង់នូវអ្វីដែលទ្រង់ទូលសូមពីព្រះ»។
ព្រះយេស៊ូវមានបន្ទូលឆ្លើយតបថា «ខ្ញុំជាសេចក្តីរស់ឡើងវិញនិងជាជីវិត។ អស់អ្នក ណាដែលជឿដល់ខ្ញុំ បើទោះបីស្លាប់នោះនឹងបានរស់ឡើងវិញ។ ហើយអស់អ្នកណា ដែលជឿដល់ខ្ញុំនោះនឹងមិនស្លាប់ឡើយ តើនាងជឿការទាំងនេះឬទេ?» ម៉ាថាបានឆ្លើយថា៖ «ចាស៎ __ លោកគ្រូ នាងខ្ញុំជឿថាលោកគឺជាព្រះមេស៊ីនិងជាព្រះរាជ បុត្រានៃព្រះ»។
បន្ទាប់មកម៉ារាបានមកដល់។ នាងបានមកក្រាបទាបនឹងបាទាព្រះយេស៊ូវហើយទូល ថា «លោកគ្រូ! ប្រសិនបើលោកបាននៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ឡើយ»។ ព្រះយេស៊ូវបានសួរដល់ពួកគេថា «តើទុកសាកសពឡាសានៅទីណា?» ពួកគេឆ្លើយ ទូលថា «នៅក្នុងផ្នូរ សូមទ្រង់យាងទត» ពេលនោះព្រះយេស៊ូវទ្រង់ព្រះកន្សែង។
ផ្នូរគឺជាល្អាងមួយដែលគេដាប់ភ្នំ ហើយមានគំរបថ្ម សំរាប់បង្វិល បិទហើយនឹង បើក។ នៅពេលព្រះយេស៊ូវយាងមកដល់ផ្នូរ នោះទ្រង់ប្រាប់គេថា «ចូរ យកថ្មចេញ» តែម៉ាថាទូលទ្រង់ថា «សាកសពនេះបញ្ចុះបានបួនថ្ងៃហើយ មានក្លិន ស្អុយខ្លាំងណាស់»។
ព្រះយេស៊ូវបានឆ្លើយតបថា៖ «តើខ្ញុំពុំបានប្រាប់នាងថា បើនាងជឿនោះនាងនឹងឃើញ សិរិល្អនៃព្រះ»។ ដូច្នេះគេក៏បង្វិលថ្មចេញ។
បន្ទាប់មកព្រះយេស៊ូវ ងើបព្រះនេត្រទៅឯស្ថានសួគ៏ហើយទូលថា «ព្រះវរបិតាអើយ ទូលបង្គំ អរព្រះគុណទ្រង់ដែលទ្រង់ស្តាប់ទូលបង្គំ។ ទូលបង្គំដឹងថាទ្រង់តែងតែស្តាប់ ទូលបង្គំជានិច្ច តែទូលបង្គំទូលដូច្នេះគឺដោយព្រោះបណ្តារមនុស្សឈរនៅជុំវិញ ទីនេះទេ ប្រយោជន៏អោយគេដឹងថា គឺទ្រង់បានចាត់ទូលបង្គំឲ្យមកមែន»។ បន្ទាប់មកព្រះ យេស៊ូវមានបន្ទូលខ្លាំងៗថា៖ «ឡាសាចូរចេញមក!» ។
ឡាសាបានដើរចេញពីផ្នូរមកតែរូបកាយគាត់មានសំពត់ស្នប់រុំជាប់នៅឡើយ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា៖ «ចូរយកសំពត់ស្នប់ដែលរុំព័ទ្ធខ្លួនគាត់ចេញ!» តាមរយៈការអស្ចារ្យនេះ មានសាសន៏យូដាជាច្រើនបានជឿដល់ទ្រង់។
ប៉ុន្តែមេដឹកនាំសាសនានៃសាសន៏យូដាមានចិត្តច្រណែនវិញ ដូច្នេះហើយបានជាពួក គេប្រមូលគ្នារៀបចំផែនការសំឡាប់ទ្រង់ ហើយនិងឡាសា។
សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ យ៉ូហាន ១១:១-៤៦
Free to use, adapt, and share under an open license (CC BY-SA 4.0).