២៥-អារក្សសាតាំង ល្បួង ព្រះយេស៊ូវ
បន្តិចក្រោយពីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក ព្រះវិញាណនៃព្រះបាននាំទ្រង់ទៅ គង់នៅទីរហោស្ថាន ដែលជាកន្លែងទ្រង់តមអាហារ ៤០ ថ្ងៃ និង ៤០ យប់។ នោះអារក្សសាតាំង បានចូលមកល្បួងព្រះយេស៊ូវគ្រីស្ទ អោយប្រពឹត្តបាប។
អារក្សសាតាំងបានល្បួងទ្រង់ដោយពោលថា៖ “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរ បង្គាប់អោយថ្មទាំងនេះត្រលប់ជានំប៉័ងទៅ នោះអ្នកនឹងទទួលទានបាន!”។
ព្រះយេស៊ូវមានបន្ទូលតបវិញថា៖ “មានសេចក្តីចែងទុកមកដូច្នេះ មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះ មកដែរ!”។
នោះអារក្សសាតាំងក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារហើយទូលថា៖ “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លូនទៅក្រោមចុះ ដ្បិតមានសេចក្តីចែងទុកមកថា ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិច នឹងថ្ម”។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបទៅអារក្សសាតាំងវិញថា៖ ដ្បិតមានសេចក្តីចែងទុកមកថា «កុំអោយល្បូងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ!»
បន្ទាប់មកអារក្សសាតាំងបានបង្ហាញព្រះយេស៊ូវ អស់ទាំងនគរនៅក្នុងលោកិយ និងសិរី លំអរបស់នគរទាំងនោះថ្វាយទ្រង់ទត រួចទូលថា៖ “បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹង អោយរបស់ទាំងនេះដល់អ្នក”។
ព្រះយេស៊ូវមានបន្ទូលតបថា៖ “នែសាតាំង! ចូរថយចេញពីអញទៅ! ដ្បិតមានសេចក្តី ចែងទុកមកថា៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយ ព្រះអង្គប៉ុណ្ណោះ!”។
ព្រះយេស៊ូវគ្រីស្ទ ទ្រង់មិនបានចាញ់សេចក្តីល្បួងណាមួយរបស់អារក្សសាតាំងឡើយ ដូច្នេះអារក្សក៏ថយចេញអំពីទ្រង់ទៅ រួចក៏មានពួកទេវតាលេចចេញមកបំរើទ្រង់វិញ។
អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ៤:១-១១; ម៉ាកុស ១:១២-១៣; លូកា ៤:១-១៣
Free to use, adapt, and share under an open license (CC BY-SA 4.0).