១៩. ហោរ៉ារបស់ព្រះជាម្ចាស់
ឆ្លងកាត់តាមរយៈប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល យើងតែងតែឃើញមាននូវហោរ៉ាផ្សេងៗ ដែលព្រះជាម្ចាស់តែងតែចាត់បញ្ជូនពួកគេ ដើម្បីនាំយកនូវព្រះរាជសារពីព្រះអង្គមកកាន់ពួកបណ្តាជន។
កាលពីស្តេចអហាប់សោយរាជ្យគ្រប់គ្រងលើនគរអ៊ីស្រាអែល មានហោរ៉ារបស់ព្រះជាម្ចាស់ម្នាក់ឈ្មោះថា ហោរ៉ាអេលីយ៉ា។ ស្តេចអហាប់ គឺជាស្តេចមួយអង្គដ៏អាក្រក់នៅចំពោះព្រះនេត្រព្រះជាម្ចាស់។ គាត់បានលើកទឹកចិត្តដល់បណ្តាជនអ៊ីស្រាអែលឲ្យនាំគ្នាថ្វាយបង្គំដល់ព្រះក្លែងក្លាយមួយឈ្មោះថា ព្រះបាល។ មានពេលមួយ ហោរ៉ាអេលីយ៉ាបាននិយាយទៅកាន់ស្តេចអហាប់ថា៖ “ចាប់ពីពេលនេះតទៅ ស្រុកអ៊ីស្រាអែលទាំងមូលនឹងគ្មានដំណក់ភ្លៀងធ្លាក់មកទេ ដរាបណាខ្ញុំថាមានភ្លៀង នោះទើបមានភ្លៀងមែន។” ការនិយាយដូច្នោះបានធ្វើឲ្យស្តេចអហាប់ខឹងសម្បារជាខ្លាំង។
ព្រះទ្រង់ក៏បានបញ្ជាឲ្យហោរ៉ាអេលីយ៉ាធ្វើដំណើរទៅកាន់ជ្រលងអូរមួយក្នុងវាលរហោដ្ឋាន ដើម្បីលាក់ខ្លួនចេញពីការតាមសម្លាប់របស់ស្តេចអហាប់។ ព្រះទ្រង់បានផ្គត់ផ្គង់អាហារដល់ហោរ៉ាអេលីយ៉ាតាមរយៈសត្វស្លាបដែលចេះតែពាំយកនំប៉័ង និងសាច់មកឲ្យគាត់បរិភោគ។ រីឯស្តេចអហាប់ ហើយនិងពួកទាហានរបស់គាត់វិញ ពួកគេបានព្យាយាមស្វែងរកហោរ៉ាអេលីយ៉ាណាស់ដែរ ប៉ុន្តែពួកគេរកលោកមិនឃើញសោះ។ គ្រោះរាំងស្ងួតនោះមានសភាពខ្លាំងក្លាណាស់រហូតធ្វើឲ្យទឹកអូរនោះបានរីងខះអស់ទៅ។
បន្ទាប់មកលោកហោរ៉ាអេលីយ៉ាក៏បានចាកចេញពីទីនោះទៅកាន់ទីកន្លែងមួយផ្សេងទៀត។ គាត់បានចូលទៅសំណាក់នៅជាមួយនឹងស្រ្តីមេម៉ាយដែលមានកូនប្រុសម្នាក់។ ស្រ្តីមេម៉ាយ ហើយនិងកូនប្រុសរបស់គាត់នោះ គឺមានភាពក្រលំបាកតោកយ៉ាកណាស់។ ពួកគេស្ទើរតែដាច់ពោះស្លាប់ទៅហើយដោយសារតែគ្រោះទុរភិក្សនៅក្នុងស្រុកនោះ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ ក៏ពួកគេបានទទួលហោរ៉ាអេលីយ៉ាឲ្យស្នាក់នៅ និងធ្វើអាហារទទួលលោកផងដែរ។ មានការដ៏អស្ចារ្យក្រៃលែងមែនទែនបានកើតឡើង គឺថា ព្រះជាម្ចាស់បានផ្គត់ផ្គង់អាហារដល់ពួកគេទាំងអស់គ្នា ដោយធ្វើឲ្យម្សៅ ហើយនិងប្រេងសំរាប់ដុតនំនៅក្នុងផ្ទះនោះមិនចេះអស់សោះឡើយ។ ពួកគេមានអាហារបរិភោគគ្រប់គ្រាន់ពេញមួយរដូវនៃគ្រោះទុរភិក្សនោះថែមទៀតផង។ ហោរ៉ាអេលីយ៉ាបានស្នាក់នៅក្នុងផ្ទះស្រ្តីមេម៉ាយនោះអស់រយៈពេលប្រហែលជា៣ឆ្នាំ។
៣ឆ្នាំកន្លះក្រោយមក ព្រះទ្រង់បានបង្គាប់ឲ្យហោរ៉ាអេលីយ៉ាវិលត្រលប់ទៅទឹកដីអ៊ីស្រាអែលវិញ ហើយទៅជួបនឹងស្តេចអហាប់ ពីព្រោះទ្រង់នឹងបង្អុរឲ្យមានភ្លៀងធ្លាក់មកហើយ។ នៅពេលដែលស្តេចអហាប់បានឃើញវត្តមានហោរ៉ាអេលីយ៉ា ស្តេចនោះក៏និយាយឡើងថា៖ “ហ៊ឺ! ឯងមកហើយ! អាមនុស្សបង្ករឿង!”។ ហោរ៉ាអេលីយ៉ាក៏បានឆ្លើយតបទៅវិញថា៖ “គឺលោកទេ ដែលជាមនុស្សបង្ករឿង! លោកបានបោះបង់ចោលព្រះយេហ៊ូវ៉ា ដែលជាព្រះដ៏ពិត ហើយបែរទៅជាថ្វាយបង្គំព្រះបាលទៅវិញ។ ចូរនាំបណ្តាជនអ៊ីស្រាអែលទាំងអស់គ្នាឲ្យឡើងទៅឯភ្នំកាម៉ែលចុះ។”
ពេលនោះ ពួកបណ្តាជនអ៊ីស្រាអែលទាំងអស់ ព្រមទាំងពួកហោរ៉ាចំនួន៤៥០នាក់របស់ព្រះបាលផង បាននាំគ្នាឡើងទៅឯភ្នំកាម៉ែល។ កាលពួកគេបានមកដល់ហើយ ហោរ៉ាអេលីយ៉ាក៏បានស្រែកទៅកាន់ពួកគេទាំងអស់គ្នាថា៖ “តើពួកអ្នករាល់គ្នានៅតែមានចិត្តមិនស្មោះត្រង់ដល់កាលណាទៀត? ប្រសិនបើព្រះយេហ៊ូវ៉ា គឺជាព្រះដ៏ពិតមែន ចូរអ្នករាល់គ្នាគោរពបំរើទ្រង់ចុះ! ហើយប្រសិនបើព្រះបាល គឺជាព្រះដ៏ពិតមែន ចូគោរពបំរើព្រះបាលនោះចុះ!”។
ភ្លាមៗនោះ ហោរ៉ាអេលីយ៉ាបាននិយាយទៅកាន់ពួកហោរ៉ារបស់ព្រះបាលថា៖ “ចូរអ្នករាល់គ្នាសម្លាប់សត្វគោ មួយមក ហើយរៀបចំសំរាប់ដង្វាយដុតរបស់អ្នកចុះ ខ្ញុំក៏នឹងធ្វើដូចជាអ្នករាល់គ្នាដែរ ប៉ុន្តែមិនត្រូវឲ្យយើងណាម្នាក់យកភ្លើងមកប្រើនោះឡើយ។ បើព្រះណាមួយដែលនឹងអាចធ្វើឲ្យមានភ្លើងឆេះលើដង្វាយណាមួយនោះ គឺព្រះនោះហើយដែលជាព្រះដ៏ពិត។” ពួកហោរ៉ាដែលបំរើព្រះបាលក៏បានធ្វើដូចជាអ្វីដែលហោរ៉ាអេលីយ៉ាបានប្រាប់មែន គឺគ្មានអ្នកណាម្នាក់ប្រើប្រាស់ភ្លើងសំរាប់ដង្វាយដុតរបស់ខ្លួននោះឡើយ។
បន្តិចក្រោយមក ពួកហោរ៉ារបស់ព្រះបាលបាននាំគ្នាបន់ស្រន់ទៅកាន់ព្រះបាលរបស់ខ្លួនថា៖ “សូមទ្រង់ស្តាប់ពួកយើង ឱ ព្រះបាលអើយ!”។ អស់ពេលពេញមួយថ្ងៃ ពួកគេស្រែកផង បន់ស្រន់ផង ហើយបានថែមទាំងយកកាំបិតមកអារសាច់ខ្លួនផង ប៉ុន្តែគ្មានអ្វីបានកើតឡើងនោះឡើយ។
មកដល់វេនរបស់ហោរ៉ាអេលីយ៉ាវិញម្តង។ គាត់បានរៀបចំនូវដង្វាយដុតរបស់គាត់សំរាប់ព្រះជាម្ចាស់។ បន្ទាប់មក គាត់បានបង្គាប់ឲ្យគេយកទឹកចំនួន១២ធុងធំៗមកចាក់បន្ថែមពីលើដង្វាយនោះ ទាល់តែទាំងសាច់ ទាំងអុស ហើយនិងដីទាំងមូលដែលនៅទីអសនានោះបានសើមជោគជាំទៅដោយទឹក។
រួចហើយ អេលីយ៉ាក៏បានបន្លឺសំលេងអធិដ្ឋានថា៖ “ឱ ព្រះយេហ៊ូវ៉ា ជាព្រះនៃអាប្រាហាំ នៃអ៊ីសាក់ និងយ៉ាកុបអើយ! សូមទ្រង់មេត្តាបង្ហាញដល់ពួកយើងទាំងអស់គ្នានៅថ្ងៃនេះថា គឺជាទ្រង់ហើយដែលជាព្រះរបស់អ៊ីស្រាអែល ហើយថា ទូលបង្គំ គឺជាអ្នកបំរើរបស់ទ្រង់។ សូមទ្រង់ឆ្លើយមកកាន់ទូលបង្គំ ដើម្បីឲ្យបណ្តាជនទាំងអស់គ្នានេះបានដឹងថា គឺមានតែទ្រង់មួយអង្គទេ ដែលជាព្រះដ៏ពិតនោះ។”
ស្រាប់តែភ្លាមៗនោះ ក៏មានភ្លើងធ្លាក់ចុះពីស្ថានសួគ៌មកលើអសនាដែលសើមទៅដោយទឹកជោគជាំនោះ និង បានបញ្ឆេះអស់ទាំងសាច់ ទាំងអុស ទាំងថ្ម ហើយនិងដីដែលសើមនោះផង។ នៅពេលដែលបណ្តាជនបានឃើញនូវហេតុការណ៍នោះ ពួកគេក៏បានក្រាបខ្លួនទាបដល់ដី ហើយប្រកាសឡើងថា៖ “ព្រះយេហ៊ូវ៉ា គឺពិតជាព្រះពិតប្រាកដមែន! ព្រះយេហ៊ូវ៉ា គឺពិតជាព្រះពិតប្រាកដមែន!”
ជាមួយគ្នានោះដែរ អេលីយ៉ាក៏បានស្រែកប្រកាសថា៖ “ចូរកុំឲ្យពួកហោរ៉ារបស់ព្រះបាលណាម្នាក់គេចខ្លួនបានឲ្យសោះ!”។ ពួកបណ្តាជនក៏បាននាំគ្នាចាប់ពួកហោរ៉ាទាំងអស់នោះយកទៅសម្លាប់ចោលទាំងអស់គ្នាទៅ។
បន្ទាប់មកហោរ៉ាអេលីយ៉ាក៏បាននិយាយទៅកាន់ស្តេចអហាប់ថា៖ “ចូរលោកប្រញាប់វិលត្រលប់ទៅកាន់ទីក្រុងវិញភ្លាមទៅ ពីព្រោះភ្លៀងនឹងបង្អុរមកឥឡូវហ្នឹងហើយ”។ និយាយមិនទាន់ចប់ពីមាត់នៅឡើយផង ផ្ទៃមេឃក៏ចាប់ផ្តើមទៅជាខ្មៅងងឹត ហើយភ្លៀងដ៏ធំមួយបានបង្អុរចុះមកមែន។ ព្រះយេហ៊ូវ៉ាបានបញ្ចប់នូវគ្រោះរាំងស្ងួតនោះនៅថ្ងៃនោះឯង ហើយទ្រង់បានបង្ហាញជាភស្តុ័តាងថា គឺទ្រង់ហើយដែលជាព្រះដ៏ពិតប្រាកដ។
បន្ទាប់ពីលោកហោរ៉ាអេលីយ៉ា ព្រះជាម្ចាស់បានជ្រើសរើសបុរសម្នាក់ផ្សេងទៀតឲ្យស្នងដំណែងធ្វើជាហោរ៉ារបស់ទ្រង់។ បុរសម្នាក់នោះមានឈ្មោះថា អេលីសេ។ តាមរយៈលោកហោរ៉ាអេលីសេ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើន។ ការអស្ចារ្យមួយក្នុងចំណោមការអស្ចារ្យជាច្រើននោះ គឺជាការអស្ចារ្យដែលបានកើតឡើងចំពោះលោកណាម៉ាន់ ដែលជាមេទ័ពម្នាក់របស់ខ្មាំងសត្រូវនៃពួកកូនចៅអ៊ីស្រាអែល។ លោកណាម៉ាន់មានជំងឺដ៏ចម្លែកម្យ៉ាងនៅលើស្បែករបស់គាត់។ គាត់ធ្លាប់បានឮអំពីលោកហោរ៉ាអេលីសេ ដូច្នេះគាត់ក៏បានទៅសុំឲ្យហោរ៉ាអេលីសេជួយព្យាបាលដល់គាត់។ ពេលនោះ ហោរ៉ាអេលីសេបានបង្គាប់ឲ្យណាម៉ាន់ចុះទៅត្រាំទឹកទន្លេយ័រដាន់ឲ្យបានចំនួន៧ដងទៅ នោះគឺជាហើយ។
ក្រោយពីបានឮពាក្យរបស់អេលីសេ មុនដំបូង ណាម៉ាន់មានចិត្តខឹងសម្បារជាខ្លាំង ហើយបដិសេធក្នុងការធ្វើតាមពាក្យរបស់អេលីសេ ពីព្រោះវាស្តាប់ទៅហាក់ដូចជារឿងដែលឆ្កួតលីលាមួយ។ ប៉ុន្តែ ក្រោយមក គាត់បានផ្លាស់ប្តូរ គំនិតរបស់គាត់ ហើយក៏ព្រមចុះទៅត្រាំក្នុងទឹកទន្លេយ័រដាន់ចំនួន៧ដងនោះ។ នៅលើកទី៧ ដែលជាលើកចុងក្រោយ ជំងឺស្បែកដ៏ចម្លែករបស់គាត់ក៏បានជាស្អាតទាំងស្រុងតែម្តង! ព្រះជាម្ចាស់បានប្រោសព្យាបាលដល់រូបគាត់។
ក្រោយមកទៀត ព្រះជាម្ចាស់បានចាត់បញ្ជូនហោរ៉ារបស់ទ្រង់ជាច្រើនអ្នកផ្សេងទៀតឲ្យធ្វើការបំរើដល់ទ្រង់។ ពួកគេទាំងអស់គ្នាបានបង្រៀនប្រាប់ដល់បណ្តាជនឲ្យនាំគ្នាឈប់ថ្វាយបង្គំដល់រូបព្រះផ្សេងៗ ហើយឲ្យនាំគ្នាប្រព្រឹត្តដោយត្រឹមត្រូវ និងដោយចិត្តមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។ ពួកហោរ៉ាទាំងអស់នោះបានរំលឹកព្រមានទៅដល់ពួកបណ្តាជនថា ប្រសិនបើពួកគេមិនព្រមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ហើយចាប់ផ្តើមស្តាប់បង្គាប់ព្រះជាម្ចាស់នោះទេ នោះព្រះជាម្ចាស់នឹងមិនព្រងើយកន្តើយចំពោះអំពើបាបរបស់ពួកគេឡើយ ហើយទ្រង់នឹងដាក់ទោសដល់ពួកគេទៅតាមទង្វើដែលពួកគេប្រព្រឹត្តជាមិនខាននោះឡើយ។
ប៉ុន្តែគួរឲ្យសោកស្តាយណាស់ មានពេលភាគច្រើនដែលពួកបណ្តាជនមិនព្រមស្តាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ជារឿយៗ ពួកគេតែងតែមើលស្រាលទៅលើពួកហោរ៉ារបស់ព្រះ ហើយមានពេលខ្លះរហូតដល់ទៅសម្លាប់ជីវិតពួកហោរ៉ាទាំងអស់នោះផង។ មានហោរ៉ាម្នាក់ឈ្មោះថា យេរេមា គាត់ត្រូវបានបណ្តាជនបោះទម្លាក់ចូលទៅក្នុងអណ្តូងដែលគ្មានទឹកមួយកន្លែង ហើយបានទុកគាត់ចោលនៅទីនោះ ដើម្បីឲ្យគាត់ស្លាប់ទៅតែម្តង។ គាត់បានធ្លាក់ចុះលិចចូលទៅដល់ក្នុងភក់នៃបាតអណ្តូងទៅហើយ ប៉ុន្តែស្តេចក៏បែរជាមានចិត្តមេត្តាដល់គាត់ ហើយបានបញ្ជាឲ្យអ្នកបំរើរបស់គាត់ជួយអូសទាញយកគាត់ឡើងពីក្នុងអណ្តូងមកវិញ។
ប៉ុន្តែទោះបីជាពួកបណ្តាជនបាននាំគ្នាស្អប់ដល់ខ្លួនក៏ដោយ ក៏ពួកហោរ៉ាទាំងអស់នោះនៅតែបន្តនិយាយនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់បណ្តាជនជានិច្ច។ ពួកហោរ៉ាតែងតែរំលឹកដាស់តឿនដល់ពួកបណ្តាជនថា ព្រះទ្រង់នឹងបំផ្លាញពួកគេ ប្រសិនបើពួកគេមិននាំគ្នាកែប្រែចិត្តគំនិតនោះទេ។ ព្រមជាមួយគ្នានោះដែរ ពួកហោរ៉ាទាំងអស់នោះ ក៏បានរំលឹងដល់ពួកបណ្តាជនអំពីព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាព្រះមេស៊ីនឹងយាងមកមិនខាន។
សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរដ៏វិសុទ្ធ៖ ១ពង្សាវតាក្សត្រ ១៦-១៨; ២ពង្សាវតាក្សត្រ ៥; យេរេមា ៣៨
Free to use, adapt, and share under an open license (CC BY-SA 4.0).