១៦. អ្នកជួយរំដោះ ​

១៦. អ្នកជួយរំដោះ ​ — illustration 1

បន្ទាប់ពីលោកយ៉ូស្វេបានស្លាប់ទៅ ពួកកូនចៅអ៊ីស្រាអែលបាននាំគ្នាមិនស្តាប់បង្គាប់ព្រះជាម្ចាស់ តាមរយៈការប្រព្រឹត្តនូវទង្វើអាក្រក់ផ្សេងៗ។ ជាមួយគ្នានោះដែរ ពួកគេមិនបានវាយបណ្តេញពួកអ្នកស្រុក កាណានអោយអស់ពីទឹកដីសន្យារបស់ពួកគេឡើយ មិនតែប៉ុណ្ណោះសោត ពួកគេបែរជានាំគ្នាថ្វាយបង្គំដល់ព្រះផ្សេងៗដែលជារបស់ពួកសាសន៍កាណានទៅវិញ​ ជាជាងនាំគ្នាថ្វាយបង្គំដល់ព្រះយេហ៊ូវ៉ាដែលជាព្រះដ៏ពិតតែមួយរបស់ពួកគេ។ នាពេលនោះ ពួកកូនចៅអ៊ីស្រាអែលពុំមានស្តេចគ្រប់គ្រងដឹកនាំលើពួកគេនោះទេ ដូច្នេះ ម្នាក់ៗចេះតែធ្វើនូវអ្វីៗដែលពួកគេគិតថាវាត្រឹមត្រូវ សំរាប់តែខ្លួនពួកគេ។

១៦. អ្នកជួយរំដោះ ​ — illustration 2

ដោយសារតែការងាកបែរចេញពីព្រះយេហ៊ូវ៉ានោះ ទ្រង់បានដាក់ទណ្ឌកម្មដល់ពួកគេដោយការអនុញ្ញាត្តិអោយ មានពួកខ្មាំងសត្រូវផ្សេងៗមកវាយប្រហារ ឆក់ប្លន់ បំផ្លិចបំផ្លាញ ព្រមទាំងកាប់សម្លាប់ដល់ពួកគេអស់ជាច្រើនផង។ ក្រោយពីការរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំនៃការមិនស្តាប់បង្គាប់ព្រះជាម្ចាស់នោះមក ពួកកូនចៅអ៊ីស្រាអែលបាននាំគ្នាកែប្រែចិត្តលន់តួ ហើយទូលសូមដល់ព្រះជាម្ចាស់អោយជួយរំដោះសង្រ្គោះដល់ពួកគេ។

១៦. អ្នកជួយរំដោះ ​ — illustration 3

ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់បញ្ជូនអ្នកជួយរំដោះម្នាក់មកសង្រ្គោះដល់ពួកគេ។ ពួកគេក៏បានទទួលនូវការស្រាកស្រាន្ត និងសន្តិភាព។ ប៉ុន្តែ មិនបានយូរប៉ុន្មានផង ពួកគេក៏នាំគ្នាថ្វាយបង្គំរូបព្រះផ្សេងៗឡើងវិញទៀត ព្រះជាម្ចាស់ក៏បានអនុញ្ញាត្តិអោយសាសន៍ម៉ាឌានដែលនៅជិតខាងរបស់ពួកគ មកវាយប្រហារបំផ្លិចបំផ្លាញពួកគេ។

១៦. អ្នកជួយរំដោះ ​ — illustration 4

ពួកសាសន៍ម៉ាឌានបានរឹបអូសយកផលដំណាំរបស់ពួកកូនចៅអ៊ីស្រាអែលអស់រយៈពេល៧ឆ្នាំ។ ពួកកូនចៅ អ៊ីស្រាអែលមាននូវសេចក្តីភ័យខ្លាចជាខ្លាំង ហើយពួកគេចេះតែនាំគ្នារត់គេចខ្លួន លាក់សម្ងំនៅតាមរូងភ្នំផ្សេងៗដើម្បីឲ្យបានគេចផុតពីពួកសាសន៍ម៉ាឌាន។ នៅទីបំផុត ពួកគេក៏បាននាំគ្នាអំពាវនាវស្វែងរកជំនួយពីព្រះយេហ៊ូវ៉ាជាថ្មីម្តងទៀត ដើម្បីឲ្យមកជួយសង្រ្គោះដល់ពួកគេ។

១៦. អ្នកជួយរំដោះ ​ — illustration 5

នៅថ្ងៃមួយ មានបុរសកូនចៅអ៊ីស្រាអែលម្នាក់ដែលមានឈ្មោះថាគីឌាន គាត់កំពុងតែបញ្ជាន់ស្រូវរបស់គាត់ស្ងាត់ៗតែម្នាក់ឯង ដោយខ្លាចពួកសាសន៍ម៉ាឌានដឹងហើយមករឹបអូសយក។​ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់បានលេចមកឯគាត់ ហើយបាននិយាយមកកាន់គីឌានថា៖ “ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងអ្នក ឱ! អ្នកដ៏ក្លាហានអើយ! ចូរចេញទៅ ហើយជួយរំដោះដល់កូនចៅអ៊ីស្រាអែលឲ្យរួចផុតពីពួកសាសន៍ម៉ាឌានចុះ។”

១៦. អ្នកជួយរំដោះ ​ — illustration 6

និយាយពីឳពុករបស់គីឌានវិញ គាត់បានសង់នូវអសនាមួយសំរាប់ថ្វាយបង្គំដល់រូបព្រះដទៃ។ ព្រះជាម្ចាស់ក៏បានបង្គាប់ដល់គីឌានអោយទៅបំផ្លាញអសនានោះចេញ។ ដោយមានការភ័យខ្លាចចំពោះមនុស្សដែលរស់នៅទីនោះ គីឌានមិនបានទៅនៅពេលថ្ងៃទេ ប៉ុន្តែគាត់ចេញទៅនៅពេលយប់វិញ។ គាត់បានវាយបំផ្លាញអាសនានោះចេញជាបំណែកៗខ្ចាត់ខ្ចាយអស់ ហើយបានសាងសង់នូវអាសនាមួយថ្មីសំរាប់ថ្វាយបង្គំដល់ព្រះយេហ៊ូវ៉ាជាជំនួសវិញ។

១៦. អ្នកជួយរំដោះ ​ — illustration 7

លុះដល់ព្រឹកឡើង ពួកអ្នកស្រុកទាំងនោះមានការខឹងសម្បាយ៉ាងខ្លាំង ហើយបាននាំគ្នាទៅផ្ទះគីឌាន ដោយរកចង់សំលាប់គាត់។ ឳពុករបស់គីឌានបានចេញមកនិយាយទៅកាន់ពួកគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាព្យាយាមជួយសង្រ្គោះដល់ព្រះរបស់អ្នករាល់គ្នាទៅវិញ? ប្រសិនបើព្រះនោះ ពិតជាព្រះមែន ម្តេចក៏មិនជួយខ្លួនឯងកុំអោយគេបំផ្លាញទៅ!”។ ដោយសារតែពាក្យនោះ ពួកអ្នកស្រុកក៏ព្រមគ្នាលើកថយទៅវិញ ចេញពីគីឌានទៅ។

១៦. អ្នកជួយរំដោះ ​ — illustration 8

មានពេលមួយនោះ ពួកសាសន៍ម៉ាឌានបានលើកគ្នាមកវាយប្រហារដល់ពួកកូនចៅអ៊ីស្រាអែលម្តងទៀត។ ម្តងនេះ ពួកគេលើកគ្នាមកយ៉ាងសន្ធឺកសន្ធាប់ណាស់ ហើយរាប់មិនអស់នោះឡើយយ។ គីឌានបានប្រមូលពួកកូនចៅអ៊ីស្រាអែលឲ្យមកជុំគ្នាដើម្បីទប់ទល់ជាមួយនឹងពួកសាសន៍ម៉ាឌាន។ ដើម្បីឲ្យប្រាកដថាព្រះជាម្ចាស់ពិតជាបានហៅគាត់ឲ្យទៅជួយរំដោះដល់ពួកកូនចៅអ៊ីស្រាអែលមែន គីឌានបានទូលសុំនូវទីសម្គាល់២យ៉ាងពីព្រះជាម្ចាស់។

១៦. អ្នកជួយរំដោះ ​ — illustration 9

ទីសម្គាល់ទី១ដែលគីឌានសុំនោះគឺ គាត់បានដាក់ក្រណាត់មួយផ្ទាំងនៅលើដី ដោយទូលសុំថា នៅពេលព្រឹកឡើង សូមឲ្យផ្ទាំងក្រណាត់សើម ហើយដីនៅជាស្ងួតវិញ។ ព្រះជាម្ចាស់ក៏បានធ្វើសំរេចតាមសេចក្តីដែលគាត់សុំនោះ។ នៅថ្ងៃបន្ទាប់ គាត់ក៏សុំទីសម្គាល់ទី២ថា សូមឲ្យដីបានសើម តែសូមឲ្យផ្ទាំងក្រណាត់នោះបែរទៅជាស្ងួតវិញ។ ព្រះទ្រង់ក៏បានធ្វើសំរេចតាមសេចក្តីនោះទៀត។ តាមរយៈទីសម្គាល់ទាំង២យ៉ាងនោះ គីឌានក៏បានទទួលស្គាល់យ៉ាងជាក់លាក់ថា ព្រះជាម្ចាស់ពិតជាចង់ប្រើប្រាស់រូបគាត់មែន ដើម្បីជួយរំដោះពួកកូនចៅអ៊ីស្រាអែលចេញពីការធ្វើទុក្ខបុកម្នេញនៃពួកសាសន៍ម៉ាឌាន។

១៦. អ្នកជួយរំដោះ ​ — illustration 10

ពួកកូនចៅអ៊ីស្រាអែលបានមូលគ្នាមកឯលោកគីឌានចំនួន៣២០០០នាក់ដើម្បីធ្វើជាពលទាហានរបស់លោក ប៉ុន្តែព្រះជាម្ចាស់បានមានព្រះបន្ទូលទៅគីឌានថា៖ “ចំនួននេះ គឺច្រើនពេកណាស់”។ ដូច្នេះ គីឌានក៏បានរំសាយពួកគេចំនួន២២០០០នាក់ឲ្យវិលត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រាប់ទៅគីឌានទៀតថា៖ “កងទ័ពរបស់អ្នកនៅតែមានចំនួនច្រើនពេកនៅឡើយ”។ ដូច្នេះ គីឌានក៏បានរំសាយពួកគេបន្ថែមទៀត ដោយទុកគ្នាចំនួនតែ៣០០នាក់ប៉ុណ្ណោះ។

១៦. អ្នកជួយរំដោះ ​ — illustration 11

នៅយប់នោះ ព្រះទ្រង់បានប្រាប់ដល់គីឌានថា៖ “ចូរលបចូលទៅក្នុងជំរំទ័ពពួកសាសន៍ម៉ាឌានទៅ។ នៅពេលដែលឯងឮពួកគេនិយាយគ្នា នោះឯងនឹងលែងមានការភ័យខ្លាចហើយ”។ ដូច្នេះ នៅយប់នោះ គីឌានបានលបចូលទៅក្នុងជំរំទ័ពរបស់សាសន៏ម៉ាឌាន ហើយលោកបានឮទាហានម៉ាឌាន២នាក់និយាយគ្នាអំពីការយល់សប្តិរបស់ខ្លួន។ ម្នាក់បាននិយាយថា៖ “សប្តិនេះមានន័យថា ​ ទ័ពរបស់គីឌាននឹងវាយបំបាក់ទ័ពម៉ាឌានរបស់យើងហើយ!”។ នៅពេលដែល គីឌានបានឮនូវពាក្យទាំងនោះ គាត់ក៏បានថ្វាយបង្គំដល់ព្រះជាម្ចាស់។

១៦. អ្នកជួយរំដោះ ​ — illustration 12

បន្ទាប់មកគីឌានបានវិលត្រលប់ទៅកាន់ទ័ពរបស់គាត់ទាំង៣០០នាក់វិញ។ លោកអោយពួកគេម្នាក់ៗកាន់ត្រែ ចន្លុះ និងក្អមម្នាក់មួយៗ។ ពួកគេបានរាយគ្នាជុំវិញជំរំដែលទ័ពពួកសាសន៍ម៉ាឌានកំពុងតែដេកនោះ ដោយដាក់ចន្លុះរបស់ខ្លួនចូលទៅខាងក្នុងក្អម ដើម្បីកុំឲ្យពួកសាសន៍ម៉ាឌានមើលឃើញខ្លួនតាមរយៈពន្លឺនៃភ្លើងចន្លុះនោះ។

១៦. អ្នកជួយរំដោះ ​ — illustration 13

ភ្លាមៗនោះ ទ័ពទាំង៣០០នាក់របស់គីឌានបានវាយបំបែកក្អមរបស់ខ្លួនក្នុងពេលតែមួយដំណាលគ្នា ក៏ស្រាប់ តែលេចចេញនូវភ្លើងចន្លុះព្រោងព្រាត។ ហើយពួកគេក៏បាននាំគ្នាផ្លុំត្រែ ហើយស្រែករំពើងឡើងដោយពាក្យថា៖ “ដាវសំរាប់ព្រះយេហ៊ូវ៉ា និងសំរាប់គីឌាន!”។

១៦. អ្នកជួយរំដោះ ​ — illustration 14

ព្រះជាម្ចាស់បានធ្វើឲ្យពួកទ័ពសាសន៍ម៉ាឌានភ័យច្រលំស្លន់ស្លោ ហើយពួកគេក៏បានច្រលំកាប់សម្លាប់វាយប្រហារគ្នាទៅវិញទៅមករត់ចោលជំរំយ៉ាងប្រសេចប្រសាច។ ភ្លាមៗនោះ ពួកកូនចៅអ៊ីស្រាអែលផ្សេងៗទៀតក៏បាននាំគ្នាចេញពីផ្ទះរៀងៗខ្លួនដេញតាមប្រហារទ័ពសាសន៍ម៉ាឌានដែលរត់បាតជើងសព្រាតទាំងនោះ។ ពួកគេបានសម្លាប់ទ័ពនៃសាសន៍ម៉ាឌានអស់យ៉ាងសន្ធឹក ព្រមទាំងបានបណ្តេញពួកគេចេញអស់ពីទឹកដីអ៊ីស្រាអែលផង។ នៅថ្ងៃនោះ ពលទ័ពម៉ាឌានចំនួន១២០០០០នាក់ត្រូវបានប្រហារបង់។ ព្រះជាម្ចាស់បានជួយសង្រ្គោះពួកកូនចៅអ៊ីស្រាអែល។

១៦. អ្នកជួយរំដោះ ​ — illustration 15

ជាលទ្ធផល ពួកកូនចៅអ៊ីស្រាអែលបានមានបំណងចង់លើកតាំងគីឌានឲ្យធ្វើជាស្តេចរបស់ពួកគេ ប៉ុន្តែគីឌានមិនយល់ស្របទៅនឹងទង្វើនោះទេ។ លោកគ្រាន់តែបានសុំឲ្យពួកគេប្រមូលនូវមាសមួយចំនួន ដែលពួកគេរឹបអូសបានពីពួកសាសន៍ម៉ាឌានតែប៉ុណ្ណោះ។ ពួកកូនចៅអ៊ីស្រាអែលបាននាំយកមកនូវមាសជាច្រើនមកប្រគល់ឲ្យលោកគីឌាន។

១៦. អ្នកជួយរំដោះ ​ — illustration 16

គីឌានបានយកមាសទាំងអស់នោះទៅសិតធ្វើជាសំលៀកបំពាក់ដ៏ពិសេសមួយ ដែលមានសភាពស្រដៀងគ្នាទៅនឹងសំលៀកបំពាក់ដែលសម្តេចសង្ឃបានប្រើពីមុនមក។ ប៉ុន្តែ បណ្តាជនបែរជានាំគ្នាថ្វាយបង្គំដល់សំលៀកបំពាក់នោះក្នុងរូបភាពបែបជាថ្វាយបង្គំរូបព្រះទៅវិញ។ ជាលទ្ធផល ព្រះទ្រង់ក៏បានដាក់ទោសដល់ពួកកូនចៅអ៊ីស្រាអែលជាថ្មីម្តងទៀត ដោយសារការថ្វាយបង្គំនោះ។ ទ្រង់ក៏បានអនុញ្ញាត្តិឲ្យមានពួកខ្មាំងសត្រូវមកវាយប្រហារពួកគេម្តងទៀត។ ដោយសារការនោះ ពួកគេក៏បាននាំគ្នាអំពាវនាវទូលសុំជំនួយពីទ្រង់សារជាថ្មីទៀត។ ព្រះជាម្ចាស់ក៏បានចាត់បញ្ជូនអ្នកជួយរំដោះម្នាក់ផ្សេងទៀតឲ្យមកជួយសង្រ្គោះពួកគេ។

១៦. អ្នកជួយរំដោះ ​ — illustration 17

លក្ខណៈបែបនេះ គឺតែងតែបានកើតឡើងម្តងហើយម្តងទៀត៖ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តិនូវអំពើបាប ព្រះទ្រង់បានដាក់ទោសដល់ពួកគេ ពេលពួកគេបាននាំគ្នាលន់តួសុំជំនួយពីព្រះ នោះព្រះទ្រង់បានចាត់បញ្ជូនអ្នកជួយរំដោះម្នាក់ឲ្យមកសង្រ្គោះដល់ពួកគេ។ ក្នុងកំឡុងពេលជាច្រើនឆ្នាំកន្លងមកនោះ ព្រះទ្រង់បានចាត់បញ្ជូនពួកអ្នកជួយរំដោះជាច្រើនអ្នកឲ្យមកសង្រ្គោះដល់ពួកកូនចៅអ៊ីស្រាអែលចេញពីសំណាក់ពួកសត្រូវរបស់ពួកគេ។

១៦. អ្នកជួយរំដោះ ​ — illustration 18

នៅទីបំផុត ពួកកូនចៅអ៊ីស្រាអែលបានទូលសុំព្រះជាម្ចាស់ឲ្យមាននូវស្តេចមួយអង្គមកគ្រប់គ្រងលើពួកគេ ដូចជាពួកសាសន៍ដទៃផ្សេងៗទៀតផងដែរ។ ពួកគេចង់បាននូវស្តេចមួយអង្គដែលមានកំពស់ខ្ពស់ ហើយមានកម្លាំងខ្លាំង និងជាម្នាក់ដែលអាចដឹកនាំពួកគេចេញទៅធ្វើសឹកសង្រ្គាមបាន។ ព្រះជាម្ចាស់មិនបានសព្វព្រះហឫទ័យទៅនឹងសំណើរនេះរបស់ពួកគេទេ ប៉ុន្តែទ្រង់បានព្រមធ្វើតាមសំណើររបស់ពួកគេ។

សាច់រឿងដកស្រង់ពីព្រះគម្ពីរដ៏វិសុទ្ធ៖​

ចៅហ្វាយ ១-៣; ៦-៨

Read in the reader

Free to use, adapt, and share under an open license (CC BY-SA 4.0).