១៣-ការតាំងសញ្ញារបស់ព្រះ ជាមួយ អ៊ីស្រាអែល
ក្រោយពីព្រះបានដឹកនាំជនជាតិអ៊ីស្រាអែលដើរកាត់សមុទ្រក្រហម ព្រះអង្គបានដឹកនាំពួកគេដើរកាត់វាលរហោស្ថានទៅភ្នំមួយដែលហៅថា ស៊ីណៃ។ភ្នំនេះហើយជាភ្នំដែលម៉ូសេបានឃើញគម្ពោតឆេះ។ ប្រជាជនបានដំឡើងរោងរបស់ពួកគេនៅជើងភ្នំនោះ។
ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់ម៉ូសេ និងរាស្ត្រអ៊ីស្រាអែលថា៖
« បើឯងរាល់គ្នានឹងស្តាប់តាមអញ ឥលូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាង អស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ។ ឯងរាល់គ្នានឹងបានជានគរដល់អញ ដែលសុទ្ធតែជា សង្ឃ ហើយជាសាសន៍បរិសុទ្ធអោយអញដែរ»។
បីថ្ងៃក្រោយមក បន្ទាប់ពីបណ្តារជនបានរៀបចំខ្លួន និងព្រលឹងវិញាណជាស្រេច ព្រះជាម្ចាស់ បានយាងចុះពីលើភ្នំស៊ីណៃមក អមដោយសំលេងផ្គរ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់ ព្រមទាំងឮសូរ ផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង ។ ព្រះទ្រង់អនុញាតិអោយតែលោកម៉ូសេម្នាក់គត់ ឡើងទៅលើកំពួលភ្នំនោះ។
បន្ទាប់មកព្រះជាម្ចាស់បានតាំងសេចក្តីសញ្ញាជាមួយពួកគេ ហើយទ្រង់មានបន្ទូលថា៖ “អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។ កុំអោយថ្វាយបង្គំព្រះដទៃណាអោយ សោះ! ” ។
“កុំអោយឆ្លាក់ធ្វើរូបណាសំរាប់ឯងអោយសោះ ក៏កុំអោយធ្វើរូបណាអោយដូចជាអ្វីនៅឋានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំអោយក្រាបសំពះចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិត អញ ដែលជា យេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រច័ណ្ឌ! កុំអោយចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ! ចូរញែកថ្ងៃឈប់សំរាកចេញជា បរិសុទ្ធ ក្នុងរវាង ៦ ថ្ងៃ នោះឯងត្រូវធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ គឺជាថ្ងៃ សំរាប់អោយឯងឈប់សំរាក និងជាការរំលឹកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ”។
ចូរអោយគោរពប្រតិបត្តិដល់ឪពុកម្តាយរបស់ឯង! កុំអោយសំលាប់មនុស្សអោយសោះ! កុំអោយផិតគ្នា អោយសោះ! កុំអោយលួចប្លន់អោយសោះ! កុំអោយកុហកអោយសោះ! កុំអោយលោភចង់បានផ្ទះអ្នកជិតខាង ខ្លួន ក៏កុំអោយលោភចង់បានប្រពន្ធគេ ឬរបស់អ្វីៗដែលជាកម្មសិទ្ធរបស់គេអោយសោះ!
បន្ទាប់មកព្រះជាម្ចាស់បានសរសេរនូវក្រឹត្យវិន័យទាំង១០ប្រការ នៅលើថ្ម ពីរផ្ទាំង ហើយប្រទានទៅ លោកម៉ូសេ។ ព្រះជាម្ចាស់ក៏បានដាក់នូវច្បាប់ និងវិន័យជាច្រើនផ្សេងទៀត ដើម្បីអោយពួកគេប្រព្រឹត្តតាម។ ប្រសិនបើពួកគេបានប្រព្រឹត្តតាមក្បួនច្បាប់ទាំងនោះ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងប្រទានពរ ព្រមទាំង ការពារពួកគេផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេមិនប្រព្រឹត្តតាម នោះព្រះជាម្ចាស់នឹងដាក់ទោសគេវិញ។
ព្រះជាម្ចាស់ក៏ប្រាប់យ៉ាងលំអិត អំពីរោងឧបោសថ ដែលទ្រង់សព្វព្រះហរទ័យអោយពួកគេធ្វើ ដែលមានឈ្មោះថា រោងឧបោសថប្រជុំថ្វាយបង្គំ ដោយធ្វើជាពីរបន្ទប់ ខណ្ឌពីគ្នាដោយវាំងននមួយផ្ទាំងធំ។ មានតែសម្តេចសង្ឃជាន់ខ្ពស់តែម្នាក់គត់ ត្រូវបានអនុញាតិអោយចូលទៅកាន់បន្ទប់ខាងក្រោយវាំងនន ដែលជា កន្លែងបរិសុទ្ធបំផុត ពីព្រោះ ព្រះជាម្ចាស់គង់នៅទីនោះ។
ជនណាដែលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជននោះត្រូវនាំយកសត្វមួយក្បាលមកកាន់ អសនានៅពីមុខរោងឧបោសថ ជាដង្វាយថ្វាយដល់ព្រះជាម្ចាស់។ សម្តេចសង្ឃត្រូវសម្លាប់សត្វនោះ ហើយដុត នៅលើអសនា។ ឈាមរបស់សត្វនោះ ត្រូវបានប្រើដើម្បីសងលួសអំពើបាបរបស់គេ និងសំអាតគេអោយបាន ស្អាត នៅចំពោះព្រះនេត្រព្រះជាម្ចាស់។ ព្រះជាម្ចាស់បានជ្រើសរើស បងប្រុសលោកម៉ូសេ លោក អឺរ៉ុន និងពូជពង្ស ដើម្បីធ្វើជាពួកសង្ឃសំរាប់ទ្រង់។
ពួកបណ្តាជនទាំងអស់យល់ព្រមធ្វើតាមរាល់ក្រឹត្យវិន័យដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ គឺថ្វាយបង្គំ តែទ្រង់មួយអង្គប៉ុណ្ណោះ ហើយពួកគេរាប់ជារាស្រ្តជ្រើសតាំងដ៏ពិសេសរបស់ទ្រង់។ ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន ពីពេលដែលពួកគេបានសន្យាដើម្បីប្រព្រឹត្តតាមក្រឹត្យវិន័យព្រះជាម្ចាស់ ពួកគេបែរជាមកប្រព្រឹត្តអំពើបាប ដ៏ធ្ងន់ធ្ងរទៅវិញ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលលោកម៉ូសេកំពុងនិយាយជាមួយព្រះជាម្ចាស់ នៅលើកំពូលភ្នំ ស៊ីណៃ ពួកបណ្តារជនចាប់ផ្តើមធុញទ្រាន់ក្នុងការរង់ចាំគាត់ត្រលប់មកវិញ ក៏នាំគ្នាប្រមែប្រមូល មាសទៅឯ លោកអឺរ៉ុន និងស្នើរអោយគាត់សិតជារូបព្រះមួយដើម្បីថ្វាយបង្គំ!
អឺរ៉ុនបានយកមាសទាំងនោះសិតជារូបព្រះមួយ ដែលមានសណ្ឋានជាកូនគោ។ ពួកបណ្តារជន បានថ្វាយបង្គំរូបនោះ ហើយក៏ចាប់ផ្តើមថ្វាយដង្វាយចំពោះវា។ ព្រះជាម្ចាស់ខ្ញាល់នឹងពួកគេយ៉ាងខ្លាំង ចំពោះអំពើ បាបដែលពួកគេបានប្រព្រឹត្ត ហើយទ្រង់មានបំណងបំផ្លាញពួកគេអោយសូន្យបង់ ប៉ុន្តែលោក ម៉ូសេ បានអធិដ្ឋាន ទូលអង្វរជំនួសពួកគេ ហើយទ្រង់ក៏ព្រមស្តាប់តាមពាក្យទូលអង្វររបស់គាត់ ដោយមិនបំផ្លាញពួកគេឡើយ។
ពេលដែលលោកម៉ូសេចុះពីលើភ្នំមក គាត់បានឃើញរូបសំណាក់គោ គាត់ខឹងខ្លាំងណាស់ ក៏បោក បំបែកបន្ទះថ្មទាំងពីរផ្ទាំង ដែលព្រះជាម្ចាស់បានសរសេរនូវក្រឹត្យវិន័យទាំង ១០ប្រការនោះចោល។
បន្ទាប់មកម៉ូសេបានកម្ទេចរូបសំណាក់នោះអោយម៉ត់ដូចជាម្សៅ និងយកម្សៅនោះទៅលាយចូល ក្នុងទឹកឲ្យពួកកូនចៅអ៊ីស្រាអែលផឹក។ ព្រះជាម្ចាស់បានបញ្ចូនគ្រោះកាចមកដល់ពួកគេ ហើយមានមនុស្ស ជាច្រើនបានស្លាប់។
ម៉ូសេបានឡើងទៅលើភ្នំម្តងទៀត រួចបានអធិស្ឋានសុំព្រះជាម្ចាស់បានអត់ទោសដល់ពួកបណ្តាជន។ ព្រះជាម្ចាស់បានស្តាប់លោកម៉ូសេ ហើយទ្រង់ក៏អត់ទោសដល់ពួកគេ។ លោកម៉ូសេបានសរសេរក្រឹត្យវិន័យ ទាំង១០ប្រការឡើងវិញ នៅលើបន្ទះថ្មថ្មី ជំនួសអោយបន្ទះថ្មចាស់ដែលលោកបានបំបែក។ បន្ទាប់មក ព្រះជាម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីភ្នំស៊ីណៃ ឆ្ពោះទៅកាន់ទឹកដីសន្យា។
សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ និក្ខមនំ ១៩ : ៣៤
Free to use, adapt, and share under an open license (CC BY-SA 4.0).